[១៥៣] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិត អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ។ ម្នាលភិក្ខុទាំងឡាយ បើជនជាបណ្ឌិត ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ តែងគិតក្នុងពាក្យ ដែលអ្នកផងនិយានោះថា អ្នកផងតែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលនូវសេចក្តីសុខ សោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។