ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមព្រះតថាគត ដែលចេញចាកពួកដូច្នោះ។ ព្រះតថាគតនោះ មិនប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ មិនដល់នូវសេចក្តីត្រេកអរ មិនត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ដែលប្រព្រឹត្តតាម (នោះ) ទេ។ ម្នាលអានន្ទ តែថាសាវ័ករបស់សាស្តានោះឯង ចំរើនវិវេក យកតម្រាប់សាស្តានោះ ក៏នៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមសាវ័ក ដែលចេញចាកពួកដូច្នោះ។ សាវ័កនោះ បែរជាប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួក ព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ដែលប្រព្រឹត្តតាមនោះវិញ។ ម្នាលអានន្ទ នេះឯង តថាគតហៅថា ឧបទ្រពព្រហ្មចារ្យ ព្រោះឧបទ្រព គឺកិលេស ក្នុងព្រហ្មចារ្យ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំឲ្យកើត ក្នុងភពថ្មីទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ ជរា និងមរណៈតទៅ ក៏សម្លាប់នូវសាវ័កនោះ។