[១៨២] កាលបើព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិគោតមី ដូច្នេះថា បពិត្រព្រះនាងគោតមី សូមព្រះនាងប្រគេន (សំពត់នេះ) ចំពោះសង្ឃវិញចុះ កាលបើព្រះនាងប្រគេនសំពត់នេះ ចំពោះសង្ឃហើយ តថាគតឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំងសង្ឃ ក៏ឈ្មោះថា ព្រះនាងបានបូជាហើយដែរ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលអង្វរព្រះមានព្រះភាគ អស់វារៈ២ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សំពត់ថ្មី ១គូនេះ ខ្ញុំម្ចាស់រវៃខ្លួនឯង ត្បាញខ្លួនឯង ឧទ្ទិសចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យនូវសេចក្តីអនុគ្រោះ ចំពោះខ្ញុំម្ចាស់ ទទួលយកនូវសំពត់នោះ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិគោតមី អស់វារៈ២ដង ដូច្នេះថា បពិត្រព្រះនាងគោតមី សូមព្រះនាងប្រគេនសង្ឃវិញចុះ កាលបើព្រះនាងប្រគេនសង្ឃហើយ