​[​៣២៧​]​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ណាមួយ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ក្នុង​អតីតកាល​ ​កាល​នឹង​ធ្វើ​បិណ្ឌបាត​ ​ឲ្យ​បរិសុទ្ធ​ ​បុគ្គល​ទាំងអស់​នោះ​ ​សុទ្ធតែ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ហើយ​ធ្វើ​បិណ្ឌបាត​ ​ឲ្យ​បរិសុទ្ធ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ណាមួយ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ក្នុង​អនាគតកាល​ ​កាល​នឹង​ធ្វើ​បិណ្ឌបាត​ ​ឲ្យ​បរិសុទ្ធ​ ​បុគ្គល​ទាំងអស់​នោះ​ ​នឹង​ពិ​ចារ​ណា​រឿយ​ៗ​ ​ហើយ​ធ្វើ​បិណ្ឌបាត​ ​ឲ្យ​បរិសុទ្ធ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ណាមួយ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ ​កាល​នឹង​ធ្វើ​បិណ្ឌបាត​ ​ឲ្យ​បរិសុទ្ធ​ ​បុគ្គល​ទាំងអស់​នោះ​ ​តែង​ពិ​ចារ​ណា​រឿយ​ៗ​ ​ហើយ​ធ្វើ​បិណ្ឌបាត​ ​ឲ្យ​បរិសុទ្ធ​ ​យ៉ាងនេះ​ឯង​ ​ម្នាល​សារីបុត្ត​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​ក្នុង​សាសនា​នេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ពិ​ចារ​ណា​រឿយ​ៗ​ ​ហើយ​ធ្វើ​បិណ្ឌបាត​ ​ឲ្យ​បរិសុទ្ធ​ ​ដូច្នេះ​ ​ម្នាល​សារីបុត្ត​ ​អ្នក​ទាំងឡាយ​ ​ត្រូវតែ​សិក្សា​ ​យ៉ាងនេះ​ឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​បិណ្ឌបាត​បារិសុទ្ធិ​សូត្រ​ ​ទី៩​។​

ថយ | ទំព័រទី ៣៦៨ | បន្ទាប់