ចម្រើន​ឲ្យ​រឿយ​ៗ​ ​នូវ​ផល​សមាបត្តិ​ ​ដែល​ជា​អារម្មណ៍​ ​របស់​ព្រះនិព្វាន​នោះ​ ​ឯ​សេចក្តី​ព្យាយាម​ ​គួរ​ធ្វើ​ក្នុងថ្ងៃនេះ​ ​នរណា​នឹង​ដឹង​ថា​ ​សេចក្តី​ស្លាប់​ ​នឹង​មាន​ក្នុង​ថ្ងៃស្អែក​បាន​ ​ព្រោះថា​ ​ការ​តទល់​របស់​យើង​ ​ចំពោះ​មច្ចុ​ ​ដែល​មាន​សេនា​ច្រើន​ ​មិន​មាន​ឡើយ​ ​មុនី​ដែល​ជា​អ្នក​ស្ងប់​រម្ងាប់​ ​តែង​ហៅ​បុគ្គល​ ​អ្នកមាន​ព្យាយាម​ ​មិន​ខ្ជិលច្រអូស​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​នៅ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​យ៉ាងនេះ​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​។​

 [​៤៧​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​បុគ្គល​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​ ​តើ​ដូចម្តេច​។​ ​បុគ្គល​អាឡោះអាល័យ​នូវ​តម្រេក​ ​ក្នុង​ទី​នោះ​ៗ​ថា​ ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​ ​អាត្មាអញ​ ​មាន​វេទនា​យ៉ាងនេះ​។​បេ​។​ ​អាត្មាអញ​ ​មាន​សញ្ញា​យ៉ាងនេះ​។​បេ​។​ ​អាត្មាអញ​ ​មាន​សង្ខារ​យ៉ាងនេះ​។​បេ​។​ ​បុគ្គល​អាឡោះអាល័យ​ ​នូវ​តម្រេក​ក្នុង​ទី​នោះ​ៗ​ថា​ ​អាត្មាអញ​ ​មានវិញ្ញាណ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៤៩ | បន្ទាប់