បឋមសង្គាមវត្ថុសូត្រ ទី៤
[៣៧២] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី... គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា លើកទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសី។ ព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ។ ទើបព្រះបាទបសេនទិកោសល ទ្រង់រៀបចតុរង្គសេនា តទល់គ្នានឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសលច្បាំងគ្នា។ ក៏ក្នុងសង្គ្រាមនោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ផ្ចាញ់ព្រះបាទបសេនទិកោសលបាន។ លុះព្រះបាទបសេនទិកោសល ទ្រង់បរាជ័យហើយ ក៏ស្តេចចូលមកកាន់ក្រុងសាវត្ថី ជាព្រះរាជធានីរបស់ព្រះអង្គវិញ។