បន្ដុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ជា​អ្នកមាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិនសមបើ​ពួក​ភិក្ខុ​មក​ព្យាយាម​ដើម្បី​សេចក្ដី​ល្មោភ​ច្រើន​មាន​សភាព​ដូច្នេះ​ឡើយ​។​ ​ទើប​ពួក​ភិក្ខុ​ទាំងនោះ​នាំ​សេចក្ដី​នុ៎ះ​ទៅ​ក្រាបទូល​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុ​ព្យាយាម​ដើម្បី​សេចក្ដី​ល្មោភ​ច្រើន​មាន​សភាព​ដូច្នេះ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិនសមបីបើ​ពួក​មោឃបុរស​ទាំងនោះ​មក​ព្យាយាម​ដើម្បី​សេចក្ដី​ល្មោភ​ច្រើន​មាន​សភាព​ដូច្នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ដែល​អ្នក​បាន​ធ្វើ​មកនេះ​ ​មិនមែន​នាំ​ឱ្យ​កើត​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​ថែម​សេចក្ដី​ជ្រះ​ ​ថ្លា​ដល់​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៅទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភេសជ្ជៈ​ណាមួយ​ ​ដែល​ពួក​ភិក្ខុ​មាន​ជម្ងឺ​គប្បី​ឆាន់​បាន​ ​ភេសជ្ជៈ​នេះ​គឺ​ ​ទឹកដោះ​រាវ​ ​ទឹកដោះខាប់​ ​ប្រេង​ ​ទឹកឃ្មុំ​ ​ទឹកអំពៅ​។​ ​ភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំងនោះ​ហើយ​ ​គួរ​ទុក​ឆាន់​បាន​យ៉ាង​យូរ​ត្រឹម៧ថ្ងៃ​ ​បើ​ភិក្ខុ​ទុក​ឱ្យ​កន្លង​កំណត់​នោះ​ទៅ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។
ថយ | ទំព័រទី ១៧៥ | បន្ទាប់