[២៤៣] ម្នាលភិក្ខុទាំងឡាយ មនោសញ្ចេតនាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជារណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស ពេញដោយរងើកភ្លើង ឥតមានអណ្តាត ឥតមានផ្សែង ចួនជាមានបុរសអ្នកប្រាថ្នាចង់រស់នៅ មិនប្រាថ្នាចង់ស្លាប់ ស្រឡាញ់សុខ ខ្ពើមទុក្ខ ដើរមក ស្រាប់តែបុរសពីរនាក់ មានកម្លាំង ចាប់បុរសនោះ ត្រង់ដើមដៃម្ខាងម្នាក់ ទាញទម្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ បុរសនោះ សមជាមានចេតនាគិតចង់ឲ្យឃ្លាត មានប្រាថ្នាចង់ឲ្យឆ្ងាយ មានបំណងចង់ឲ្យឃ្វាង អំពីរណ្តៅរងើកភ្លើងនោះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ បានដឹងជាក់លាក់ថា បើអាត្មាអញ នឹងធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនេះ អាត្មាអញ មុខជានឹងដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរនឹងស្លាប់ ព្រោះតែការធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះជាហេតុ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់មនោសញ្ចេតនាហារ ក៏ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងនូវមនោសញ្ចេតនាហារហើយ