[២៧៧] ក្នុងទីនោះឯង ព្រះមានព្រះភាគ .... ម្នាលភិក្ខុទាំងឡាយ កាលមហាសមុទ្រជោរឡើង ទន្លេក៏ជោរ កាលទន្លេជោរឡើង ស្ទឹងក៏ជោរ កាលស្ទឹងជោរឡើង ព្រែកធំក៏ជោរ កាលព្រែកធំជោរឡើង ព្រែកតូចក៏ជោរ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចអវិជ្ជា កាលចម្រើនឡើង ក៏ញុំាងសង្ខារទាំងឡាយ ឲ្យចម្រើន កាលសង្ខារទាំងឡាយចម្រើនឡើង ក៏ញុំាងវិញ្ញាណឲ្យចម្រើន កាលវិញ្ញាណចម្រើនឡើង ក៏ញុំាងនាមរូបឲ្យចម្រើន កាលនាមរូបចម្រើនឡើង ក៏ញុំាងអាយតនៈ៦ឲ្យចម្រើន កាលអាយតនៈ៦ចម្រើនឡើង ក៏ញុំាងផស្សៈឲ្យចម្រើន កាលផស្សៈចម្រើនឡើង ក៏ញុំាងវេទនាឲ្យចម្រើន កាលវេទនាចម្រើនឡើង ក៏ញុំាងតណ្ហាឲ្យចម្រើន កាលតណ្ហាចម្រើនឡើង ក៏ញុំាងឧបាទានឲ្យចម្រើន កាលឧបាទានចម្រើនឡើង ក៏ញុំាងភពឲ្យចម្រើន កាលភពចម្រើនឡើង ក៏ញុំាងជាតិឲ្យចម្រើន កាលជាតិចម្រើនឡើង ក៏ញុំាងជរាមរណៈឲ្យចម្រើន ដូច្នោះឯង។