[២៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើមហាសមុទ្រនាចទៅវិញ ទន្លេក៏នាច កាលទន្លេនាច ស្ទឹងក៏នាច កាលស្ទឹងនាច ព្រែកធំក៏នាច កាលព្រែកធំនាច ព្រែកតូចក៏នាច មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចអវិជ្ជា កាលខ្សោយកម្លាំង ក៏ញុំាងសង្ខារទាំងឡាយ ឲ្យខ្សោយ កាលសង្ខារទាំងឡាយខ្សោយ ក៏ញុំាងវិញ្ញាណឲ្យខ្សោយ កាលវិញ្ញាណខ្សោយ ក៏ញុំាងនាមរូបឲ្យខ្សោយ កាលនាមរូបខ្សោយ ក៏ញុំាងអាយតនៈ៦ឲ្យខ្សោយ កាលអាយតនៈ៦ខ្សោយ ក៏ញុំាងផស្សៈឲ្យខ្សោយ កាលផស្សៈខ្សោយ ក៏ញុំាងវេទនាឲ្យខ្សោយ កាលវេទនាខ្សោយ ក៏ញុំាងតណ្ហាឲ្យខ្សោយ កាលតណ្ហាខ្សោយ ក៏ញុំាងឧបាទានឲ្យខ្សោយ កាលឧបាទានខ្សោយ ក៏ញុំាងភពឲ្យខ្សោយ កាលភពខ្សោយ ក៏ញុំាងជាតិឲ្យខ្សោយ កាលជាតិខ្សោយ ក៏ញុំាងជរាមរណៈឲ្យខ្សោយ ដូច្នោះឯង។ ចប់សូត្រទី៩។