កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុឬ ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប សេចក្តីទុក្ខ មិនមែនជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ប្រាប់សេចក្តីទុក្ខ ដល់ខ្ញុំផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងសេចក្តីទុក្ខដល់ខ្ញុំផង។