[៦២] ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បន្នធម៌ទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរាមរណៈ មិនទៀង ជាធម្មជាតដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជាតិ មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភព មិនទៀង ជាសភាវៈដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាសភាវៈតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តណ្ហា... ម្នាលភិក្ខុទាំងឡាយ វេទនា... ម្នាលភិក្ខុទាំងឡាយ ផស្សៈ... ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ... ម្នាលភិក្ខុទាំងឡាយ នាមរូប... ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ... ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ... ម្នាលភិក្ខុទាំងឡាយ អវិជ្ជា មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនេះហៅថា បដិច្ចសមុប្បន្នធម៌។