កុលបុត្តពោលអួតអរហត្តផល សូម្បីដោយបរិយាយណាមួយ ត្រូវតែឃើញនូវពាក្យពោលអួត ថាជាពាក្យពោលអួត ដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងខ្ញុំព្រះអង្គ ទើបនឹងក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានពោលសេចក្តី ដោយបទទាំងនុ៎ះ ដោយព្យញ្ជនៈទាំងនុ៎ះទេ ដូច្នេះឬ។ ម្នាលសារីបុត្ត ប្រសិនបើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះលោកបានដឹងដូចម្តេច បានឃើញដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា នែសារីបុត្តមានអាយុ ចុះលោកដឹងដូចម្តេច ឃើញដូចម្តេច បានជាពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ