[១១៣] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយនូវសេចក្តីនេះ ដោយសង្ខេបថា ការទទួលអារម្មណ៍ណាមួយ ការទទួលអារម្មណ៍នោះ ជាទុក្ខ ម្នាលសារីបុត្ត ចុះប្រសិនបើជនទាំងឡាយ សួរយ៉ាងនេះថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា យើងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលសារីបុត្ត កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា នែសារីបុត្តមានអាយុ ព្រោះវិមោក្ខដូចម្តេច លោកទើបពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ