ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមានជាតិ ទើបមិនមានជរាមរណៈ ព្រោះតែជាតិរលត់ ទើបជរាមរណៈរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានជាតិ។បេ។ ទើបមិនមានភព... មិនមានឧបាទាន... មិនមានតណ្ហា... មិនមានវេទនា... មិនមានផស្សៈ... មិនមានអាយតនៈ៦.. មិនមាននាមរូប ព្រោះតែអ្វីរលត់ ទើបនាមរូបរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមានវិញ្ញាណ ទើបមិនមាននាមរូប ព្រោះតែវិញ្ញាណរលត់ ទើបនាមរូបរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានវិញ្ញាណ ព្រោះតែអ្វីរលត់ ទើបវិញ្ញាណរលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមិនមាននាមរូប ទើបមិនមានវិញ្ញាណ ព្រោះតែនាមរូបរលត់ ទើបវិញ្ញាណរលត់។