ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលជាអនាគត នឹងឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោកនេះ ថាទៀង នឹងឃើញថាជាសុខ នឹងឃើញថាជារបស់ខ្លួន នឹងឃើញថាជារបស់គ្មានរោគ នឹងឃើញថា ជារបស់ក្សេមក្សាន្ត ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងតណ្ហាឲ្យចម្រើនឡើង។ ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងតណ្ហាឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងឧបធិឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងញុំាងទុក្ខឲ្យចម្រើនឡើង ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងញុំាងទុក្ខឲ្យចម្រើនឡើង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា នឹងមិនរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងមិនរួចចាកទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងកាលឥឡូវនេះ ឃើញនូវអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាទៀង ឃើញថាជាសុខ