[៦៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីការដល់នូវគុណធម៌ ដែលមិនទាន់បានដល់ ដើម្បីការត្រាស់ដឹងនូវគុណធម៌ ដែលមិនទាន់បានត្រាស់ដឹង ដើម្បីការធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ក្នុងសាសនានេះ ដោយគិតយ៉ាងនេះថា បព្វជ្ជារបស់យើងទាំងឡាយនេះ មិនមែនវៀច មិនមែនឥតផលទេ រមែងប្រកបដោយផល ប្រកដដោយសេចក្តីចម្រើន ព្រោះថា យើងទាំងឡាយ បរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនទាំងឡាយណា ការបូជាទាំងនោះ ចំពោះយើងទាំងឡាយ របស់ជនទាំងនោះ នឹងមានផលច្រើន មានអានិសង្សច្រើន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់ នូវប្រយោជន៍របស់បុគ្គលដទៃ គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់នូវប្រយោជន៍ទាំងពីរ គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។ ចប់សូត្រទី២។