ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះឯង កើតឡើងព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះឯង កើតឡើង ព្រោះផស្សជាបច្ច័យ។ ម្នាលឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ចប់សូត្រទី៦។