​[​១៤៧​]​ ​លុះ​ព្រះ​មហាកស្សប​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​កស្សប​ ​ឥឡូវនេះ​ ​អ្នក​ក៏​កាន់តែ​ចាស់ហើយ​ ​ទាំង​សំពត់​សំបក​ធ្មៃ​នេះ​របស់​អ្នក​ក៏​ធ្ងន់​ ​ជា​សំពត់​បង្សុកូល​ ​ដែល​តថាគត​ឈប់​ស្លៀកដណ្តប់​ ​ម្នាល​កស្សប​ ​ហេតុ​ដូច្នោះ​ ​អ្នក​ចូរ​ស្លៀកដណ្តប់​គហបតិ​ចីវរ​ ​ចូរ​បរិភោគ​និមន្តន​ភត្ត​ ​ចូរ​នៅ​ជិត​តថាគត​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យូរអង្វែង​មក​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​ការ​នៅក្នុង​ព្រៃ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​ការប្រព្រឹត្តិ​បិណ្ឌបាត​ផង​ ​ជា​អ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​ការ​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​ ​ជា​អ្នក​ទ្រទ្រង់​ចីវរ​បី​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​ការ​ទ្រទ្រង់​ចីវរ​បី​ផង​ ​ជា​អ្នក​ប្រាថ្នា​តិច​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​សេចក្តី​ប្រាថ្នា​តិច​ផង​ ​ជា​អ្នក​សន្តោស​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ផង​ ​ជា​អ្នក​ស្ងប់ស្ងាត់​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​ការ​ស្ងប់ស្ងាត់​ផង​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ ​(​ដោយ​ពួក​)​ ​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​ការ​មិន​ច្រឡូកច្រឡំ​ផង​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​សេចក្តី​ប្រារព្ធ​ព្យាយាម​ផង​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់