ទស​កម្មបថ​វគ្គ​


 [​៥៨​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ត្រូវគ្នា​ ​សមគ្នា​(​១​)​ ​ដោយ​ធាតុ​ជា​ប្រាកដ​ ​ពួក​សត្វ​មិន​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មិន​មាន​សទ្ធា​ ​ពួក​សត្វ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​ពួក​សត្វ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​ពួក​សត្វ​មិនបាន​តាំងចិត្ត​នឹង​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មិនបាន​តាំងចិត្ត​នឹង​ ​ពួក​សត្វ​គ្មាន​ប្រាជ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​គ្មាន​ប្រាជ្ញា​។​ ​ពួក​សត្វ​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​សទ្ធា​ ​ពួក​សត្វ​មានចិត្ត​ខ្មាសបាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មានចិត្ត​ខ្មាសបាប​ ​ពួក​សត្វ​មាន​សេចក្តី​ខ្លាច​បាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​សេចក្តី​ខ្លាច​បាប​ ​ពួក​សត្វ​មានចិត្ត​តាំង​នឹង​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មានចិត្ត​តាំង​នឹង​ ​ពួក​សត្វ​មាន​ប្រាជ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​ប្រាជ្ញា​។​ ​ចប់​សូត្រ​ទី១​។​
​(​១​)​ ​ស្មើគ្នា​ ​ប្រហែលគ្នា​ ​ប្រជុំ​គ្នា​ ​ជួបគ្នា​ ​ចូលចិត្ត​នឹងគ្នា​ ​ត្រូវជើងគ្នា​ ​កាត់​រកគ្នា​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់