[១១] ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណាឲ្យឃើ់ញនូវកាយក្នុងកាយ ជាខាងក្នុងជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។ អ្នកចូរពិចារណា ឲ្យឃើញនូវកាយក្នុងកាយ ជាខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។ អ្នកចូរពិចារណាឲ្យឃើញ នូវកាយក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។ ក្នុងវេទនាទាំងឡាយ ជាខាងក្នុងក្តី។ ក្នុងវេទនាទាំងឡាយ ជាខាងក្រៅក្តី។ អ្នកចូរពិចារណា ឲ្យឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។