កុលបុត្តទាំងអស់នោះ (រមែងប្រាថ្នា) ដើម្បីត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយឯណានីមួយ ក្នុងកាលជាអនាគត នឹងចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ កុលបុត្តទាំងអស់នោះ (រមែងប្រាថ្នា) ដើម្បីត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយ ឯណានីមួយ ក្នុងកាលឥឡូវនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ កុលបុត្តទាំងអស់នោះ (រមែងប្រាថ្នា) ដើម្បីត្រាស់ដឹង នូវអរិយសច្ច ៤ ប្រការ តាមសេចក្ដីពិត។ អរិយសច្ច ៤ ប្រការ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយ ឯណានីមួយ ក្នុងកាលជាអតីត បានចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ បួសហើយ (ក្ដី) នឹងបួស (ក្ដី) បួសឥឡូវនេះ (ក្ដី) កុលបុត្តទាំងអស់នោះ (រមែងប្រាថ្នា) ដើម្បីត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ នេះឯង តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។