ពួកសត្វ ដែលមិនបានពិចារណា នូវសេចក្តីអធិប្បាយ នៃបាលី ដែលខ្លួនចងចាំបានហើយ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយប្រតិបតិ្តធម៌ ដ៏សមគួរដល់ធម៌ មានប្រមាណតិច ពួកសត្វ ដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយមិនប្រតិបតិ្តធម៌ សមគួរដល់ធម៌ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ក្នុងហេតុដែលគួរសង្វេគ មានចំនួនតិច ពួកសត្វ ដែលមិនសង្វេគ ក្នុងហេតុដែលគួរសង្វេគ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ហើយផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ មានចំនួនតិច ពួកសត្វដែលសង្វេគ ហើយមិនផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយបាននូវសមាធិ(១) បាននូវឯកគ្គតាចិត្ត មានចំនួនតិច ពួកសត្វ ដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ហើយ មិនបាននូវសមាធិ មិនបាននូវឯកគ្គតាចិត្ត ច្រើនជាង ក៏យ៉ាងនោះដែរ។
(១) មគ្គសមាធិ និងផលសមាធិ។ អដ្ឋកថា។