ម្នាល​ព្រាហ្មណ៍​ ​ពីព្រោះ​តថាគត​ ​ប្រកាន់​និយាយ​ហាមឃាត់​ថា​ ​មិន​ត្រូវ​អ្នកណាមួយ​ ​ធ្វើ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ឡើយ​ ​តែង​និយាយ​ហាមឃាត់​ថា​ ​មិន​ត្រូវ​អ្នកណាមួយ​ ​ធ្វើ​នូវ​ធម៌​ទាំងឡាយ​ ​ជាអកុសល​អាក្រក់​ច្រើនប្រការ​នោះ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អកិរិយវាទ​នោះ​ ​គឺជា​សំដី​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ​។​
 ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​ឧច្ឆេទវាទ​ទេតើ​។​ ​ព្រះ​សាស្ដា​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​ឧច្ឆេទវាទ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ពីព្រោះ​តថាគត​ប្រកាន់​និយាយ​ថា​ ​ឲ្យ​សត្វកាត់​ផ្ដាច់ផ្ដិល​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​តថាគត​ ​តែង​និយាយ​ថា​ ​ឲ្យ​សត្វកាត់​ផ្ដាច់ផ្ដិល​នូវ​ធម៌​ទាំងឡាយ​ ​ជាអកុសល​អាក្រក់​ច្រើនយ៉ាង​នេះ​ចេញ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​ឧច្ឆេទវាទ​នោះ​ ​គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​អ្នក​ខ្ពើមរអើម​ ​(​ណាស់​)​ ​ទេតើ​។​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់