បពិត្រ​លោកម្ចាស់​ ​ចីវរ​ដែល​លោក​ប្តូរ​នឹង​ខ្ញុំ​ ​ចីវរ​នោះ​នៅឯណា​។​ ​ឯ​ភិក្ខុនី​នោះ​យក​ចីវរ​នោះ​ចេញ​មក​បង្ហាញ​ដល់​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​ពោល​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោក​ចូរ​យក​ចីវរ​របស់​លោក​ទៅវិញ​ចុះ​ ​លោក​ចូរ​ឲ្យ​ចីវរ​នុ៎ះ​មក​ខ្ញុំ​ ​ចីវរ​ណា​របស់​លោក​ ​ចីវរ​នោះ​ជា​របស់​លោក​ដដែល​ ​ចីវរ​ណា​របស់ខ្ញុំ​ ​ចីវរ​នោះ​ជា​របស់ខ្ញុំ​ដដែល​វិញ​ ​លោក​ចូរ​ឲ្យ​ចីវរ​នោះ​មក​ខ្ញុំ​ ​លោក​ចូរ​នាំ​យក​ចីវរ​របស់​លោក​ទៅវិញ​ចុះ​ ​ហើយក៏​ដណ្តើម​យក​ទៅ​។​ ​ទើប​ភិក្ខុនី​នោះ​បាន​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​មក​ប្តូរ​ចីវរ​នឹង​ភិក្ខុនី​ផងគ្នា​ ​ហើយ​ដណ្តើម​យក​ទៅវិញ​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​ក្នុង​កាលនោះ​ឯង​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ប្តូរ​ចីវរ​នឹង​ភិក្ខុនី​ផងគ្នា​ ​ហើយ​ដណ្តើម​យក​ទៅវិញ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​មក​ប្តូរ​ចីវរ​នឹង​ភិក្ខុនី​ផងគ្នា​ ​ហើយ​ដណ្តើម​យក​ទៅវិញ​ទេ
ថយ | ទំព័រទី ១១៣ | បន្ទាប់