ដែរឬ។ ចណ្ឌកាលីភិក្ខុនីក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំឯងជាស្រីចោរពិតឬ ខ្ញុំឯងជាស្រីគ្មានសេចក្តីខ្មាសពិតឬ ពួកលោកម្ចាស់ណាមិនឃើញភណ្ឌរបស់ខ្លួន ពួកលោកម្ចាស់នោះពោលនឹងខ្ញុំយ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់ឃើញភណ្ឌរបស់យើងដែរឬទេ បពិត្រលោកម្ចាស់ ប្រសិនបើខ្ញុំយកភណ្ឌរបស់លោកមែន ខ្ញុំមិនមែនជាសមណីទេ ខ្ញុំឃ្លាតចាកព្រហ្មចរិយធម៌ហើយ ខ្ញុំនឹងទៅកើតក្នុងនរក ចំណែកឯភិក្ខុនីណាពោលពាក្យយ៉ាងនេះនឹងខ្ញុំដោយពាក្យមិនពិត ភិក្ខុនីនោះឯង ចូរកុំឲ្យជាសមណី ចូរឃ្លាតចាកព្រហ្មចរិយធម៌ ចូរទៅកើតក្នុងនរកចុះ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចណ្ឌកាលីជាម្ចាស់ មិនសមនឹងផ្តាសាខ្លួនឯងផង អ្នកឯទៀតផង ដោយនរកផង ដោយព្រហ្មចរិយធម៌ផងសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនីផ្តាសាខ្លួនឯងផង អ្នកឯទៀតផង ដោយនរកខ្លះ ដោយព្រហ្មចរិយធម៌ខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនី មិនសមនឹងផ្តាសាខ្លួនក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តីទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួក