ទាំងឡាយដើរទៅកាន់ចារិកនៃវត្ត ឃើញហើយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូបមិនសមបីនឹងមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នាដូចយ៉ាងពួកស្រីគ្រហស្ថអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប មិនសមបីនឹងមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីពីររូបមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីពីររូប មិនសមបីនឹងមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីទាំងឡាយឯណាពីររូប មានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។