កាលសាឡ្ហជាចៅមិគារមាតានិយាយយ៉ាងនេះហើយ ភិក្ខុនីជាសិស្សរបស់សុន្ទរីនន្ទាភិក្ខុនីក៏និយាយពាក្យនេះនឹងសាឡ្ហជាចៅមិគារមាតាថា ម្នាលអ្នកដ៏មានអាយុ សុន្ទរីនន្ទាភិក្ខុនីឈឺ អាត្មាឯងនឹងនាំយកចង្ហាន់ទៅ (ប្រគេនលោក)។ លំដាប់នោះ សាឡ្ហជាចៅមិគារមាតាគិតថា អញបានធ្វើភត្តណា (ប្រគេន)ភិក្ខុនីសង្ឃ ភត្តនោះ អញធ្វើព្រោះហេតុតែសុន្ទរីនន្ទាជាម្ចាស់ (ទេតើ) គិតហើយ ក៏បង្គាប់ពួកមនុស្សថា អ្នកទាំងឡាយចូរអង្គាសភត្ត (ប្រគេន) ភិក្ខុនីសង្ឃចុះ ថាហើយ ក៏ដើរទៅកាន់លំនៅរបស់ភិក្ខុនី។ លំដាប់នោះឯង សុន្ទរីនន្ទាភិក្ខុនីឈរខាងក្រៅខ្លោងទ្វារអារាម គយគន់មើលសាឡ្ហជាចៅមិគារមាតា។ សុន្ទរីនន្ទាភិក្ខុនីបានឃើញសាឡ្ហជាចៅមិគារមាតាដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ស្ទុះចូលទៅកាន់លំនៅ ហើយដេកលើគ្រែ ទទូរសម្ពត់រហូតដល់ក្បាល។ លំដាប់នោះ សាឡ្ហជាចៅមិគារមាតាក៏ចូលសំដៅទៅរកសុន្ទរីនន្ទាភិក្ខុនី លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងសុន្ទរីនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់មិនសូវសប្បាយឬ ហេតុដូចម្តេចបានជាសិង។ ឯសុន្ទរីនន្ទាភិក្ខុនីឆ្លើយតបថា ម្នាលអ្នកដ៏មានអាយុ ស្រីណាប្រាថ្នាគេ ៗមិនប្រាថ្នាវិញ ហេតុនេះបានជាយ៉ាងនុ៎ះឯង។ សាឡ្ហជាចៅមិគារមាតាជាបុរសមានតម្រេក ក៏និយាយតបថា បពិត្រលោកម្ចាស់ ខ្ញុំមិនមែនមិនប្រាថ្នាលោក