ពួក​ភិក្ខុនី​ប៉ុណ្ណេះ​រូប​ក្មេង​ជាង​សុន្ទរី​នន្ទា​ជា​ម្ចាស់​ ​ទើប​ក្រាល​អាសនៈ​សម្រាប់​សុន្ទរី​នន្ទា​ភិក្ខុនី​ក្នុង​ឱកាស​កំបាំង​ភ្នែក​ ​ត្រង់​កៀនជញ្ជាំង​ ​ធ្វើឲ្យ​ពួក​ភិក្ខុ​នី​ចាស់​ៗ​ដឹង​ថា​ ​សុន្ទរី​នន្ទា​ភិក្ខុនី​អង្គុយ​ជិត​ពួក​ភិក្ខុ​នី​ក្មេង​ៗ​ ​ធ្វើឲ្យ​ពួក​ភិក្ខុ​នី​ក្មេង​ៗ​ដឹង​ថា​ ​សុន្ទរី​នន្ទា​ភិក្ខុនី​អង្គុយ​ជិត​ភិក្ខុ​នី​ចាស់​ៗ​។​ ​ទើប​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ប្រើ​មនុស្ស​ឲ្យ​ទៅ​ទូល​ភត្តកាល​ដល់​ភិក្ខុនី​សង្ឃ​ថា​ ​បពិត្រ​លោកម្ចាស់​ ​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​សុន្ទរី​នន្ទា​ភិក្ខុនី​កំណត់​(​ក្នុងចិត្ត​)​ថា​ ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ធ្វើ​ភត្ត​ដល់​ភិក្ខុនី​សង្ឃ​ ​មិនមែន​ធ្វើ​ដោយ​ការរាប់​អាន​ច្រើន​ប៉ុន្មាន​ទេ​ ​គាត់​ប្រាថ្នា​តែ​នឹង​ប្រ​ទុ​ស្ត​ដល់​អញ​ ​បើប្រសិន​ជា​អញ​ទៅ​ ​សំឡេង​ឆោឡោ​ ​(​វឹកវរ​)​ ​មុខ​ជា​នឹង​មានដល់​អញ​ ​(​មិនខាន​)​ ​គិត​ហើយ​ ​ក៏​បង្គាប់​ភិក្ខុនី​ជា​សិស្ស​ថា​ ​លោក​ចូរ​ទៅចុះ​ ​ចូរ​នាំ​យក​ចង្ហាន់​ ​(​មក​ឲ្យ​)​ខ្ញុំ​ផង​ ​ម្យ៉ាងទៀត​ ​បើ​មាន​អ្នកណា​សួររក​ខ្ញុំ​ ​ចូរ​ប្រាប់​គេ​ថា​ ​ខ្ញុំ​ឈឺ​។​ ​ឯ​ភិក្ខុនី​នោះ​ ​បាន​ស្តាប់​ពាក្យ​សុន្ទរី​នន្ទា​ភិក្ខុនី​ហើយ​ ​ក៏​ទទួលពាក្យ​ថា​ ​ករុណា​លោកម្ចាស់​។​ ​សម័យ​នោះ​ឯង​ ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ឈរ​នៅ​ខាងក្រៅ​ខ្លោងទ្វារ​ ​ហើយ​សួររក​សុន្ទរី​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​ឈ្មោះ​សុន្ទរី​នន្ទា​ទៅ​ឯណា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​ឈ្មោះ​សុទ្ទ​រី​នន្ទា​ទៅ​ឯណា​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់