ជួនជាមានការប្រជុំពួកស្តេចលិច្ឆវីក្នុងក្រុងវេសាលីដោយកិច្ចនីមួយ។ ទើបស្តេចលិច្ឆវីនោះបាននិយាយពាក្យនេះនឹងស្តេចលិច្ឆវីទាំងឡាយនោះថា នែព្រះអង្គទាំងឡាយ សូមព្រះអង្គទាំងឡាយអនុញ្ញាតស្រីម្នាក់ដល់ខ្ញុំ។ ស្តេចលិច្ឆវីទាំងឡាយនោះសួរថា ស្រីនោះជាអ្វី។ ស្តេចលិច្ឆវីនោះឆ្លើយថា ជាប្រពន្ធខ្ញុំ វាក្បត់ចិត្តខ្ញុំ ខ្ញុំនឹងសម្លាប់វានោះចោល។ ស្តេចលិច្ឆវីទាំងឡាយនិយាយថា ព្រះអង្គចូរដឹងចុះ។ ស្រីនោះក៏បានឮពណ៌ដ៏មានថា ប្តីចង់សម្លាប់អញ ហើយក៏យករបស់ដែលមានដំឡៃទៅកាន់ក្រុងសាវត្ថី ចូលទៅរកពួកតិរ្ថិយ ហើយក៏សូមបព្វជ្ជា។ តិរ្ថិយទាំងឡាយមិនចូលចិត្តឲ្យស្រីនោះបួសឡើយ។ ស្រីនោះចូលទៅរកពួកភិក្ខុនី ហើយសូមបព្វជ្ជា(ទៀត)។ ភិក្ខុនីទាំងឡាយក៏មិនចូលចិត្តឲ្យនាងនោះបួសដែរ។ ស្រីនោះចូលទៅរកថុល្លនន្ទាភិក្ខុនី បង្ហាញបង្វេចរបស់ហើយ សូមបព្វជ្ជា។ ថុល្លនន្ទាភិក្ខុនីទទួលយកបង្វេចរបស់ ហើយឲ្យស្រីនោះបួស។ ឯស្តេចលិច្ឆវីនោះកាលស្វែងរកស្រីនោះ បានទៅកាន់ក្រុងសាវត្ថី ឃើញស្រីនោះបួសក្នុងសំណាក់ភិក្ខុនីទាំងឡាយ ហើយក៏ចូលទៅគាល់ស្តេចបសេនទិកោសល លុះចូលទៅដល់ហើយ ក្រាបទូលពាក្យនេះនឹងព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព ភរិយារបស់ខ្ញុំនាំយករបស់មានដំឡៃ ហើយមកកាន់ក្រុងសាវត្ថីនេះ (ឥឡូវនេះ) សូមព្រះអង្គ