តម្រេក ទទួលខាទនីយភោជនីយាហារអំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃខ្លួន ហើយទំពាស៊ី ឬឆាន់សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាសុន្ទរីនន្ទាភិក្ខុនីមានតម្រក ទទួលខាទនីយភោជនីយាហារអំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬបរិភោគ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ សុន្ទរីនន្ទាភិក្ខុនី មិនគួរបើនឹងមានតម្រេក ហើយទទួលខាទនីយភោជនីយាហារអំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬឆាន់ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មានតម្រេកទទួលយកខាទនីយក្តី ភោជនីយក្តី អំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃនៃខ្លួន ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។