ព្រះទព្វមល្លបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះទព្វមល្លបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះសុគត ឥឡូវនេះ ជាកាលគួរបរិនិព្វានរបស់ខ្ញុំព្រះអង្គ។ ម្នាលទព្វៈ អ្នកសំគាល់កាលគួរនឹងបរិនិព្វាន ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយទើបបរិនិព្វាន។ គ្រាកាលព្រះទព្វមល្លបុត្តដ៏មានអាយុ ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយបរិនិព្វាន សរីរៈបណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុក៏មិនប្រាកដ។ ដូចសប្បិ ឬប្រេង កាលបើភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចក៏មិនប្រាកដ យ៉ាងណា កាលព្រះទព្វមល្លបុត្តដ៏មានអាយុ ហោះទៅឯអាកាស អង្គុយពែនភ្នែនក្នុងអាកាសដ៏ស្រឡះ