[៩៥] ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះ មាន ៣ យ៉ាង។ ភ្លើង ៣ យ៉ាង តើដូចម្តេច។ ភ្លើង គឺរាគៈ ១ ភ្លើង គឺទោសៈ ១ ភ្លើង គឺមោហៈ ១។ ម្នាលភិក្ខុទាំងឡាយ ភ្លើងមាន ៣ យ៉ាងនេះឯង។
ភ្លើង គឺរាគៈ រមែងដុតពួកសត្វ ដែលត្រេកត្រអាលជ្រប់នៅក្នុងកាម ចំណែកភ្លើង គឺទោសៈ រមែងដុតពួកជន ដែលមានចិត្តព្យាបាទ ជាអ្នកសម្លាប់សត្វ ឯភ្លើង គឺមោហៈ រមែតដុតពួកសត្វដែលវង្វេង មិនឈ្លាសវៃក្នុងអរិយធម៌។ ពួកសត្វដែលមិនស្គាល់ភ្លើងទាំងនេះ ជាអ្នកត្រេកត្រអាលក្នុងសក្កាយ (ឧបាទានក្ខន្ធ ៥) រមែងញ៉ាំងភ្លើងទាំងនោះឲ្យចំរើន ទាំងញ៉ាំងនរក តិរច្ឆានកំណើត អសុរកាយ និងបិត្តិវិស័យឲ្យចំរើន មិនផុតចាក ចំណងមារបានឡើយ។ លុះតែបុគ្គលទាំងឡាយណា ប្រកប (ដោយភាវនា) ក្នុងសាសនាព្រះសម្មាសម្ពុទ្ធ ទាំងយប់ទាំងថ្ងៃ បុគ្គលទាំងនោះ មានសេចក្ដីសំគាល់ថា មិនស្អាតជានិច្ច ទើបញ៉ាំងភ្លើង គឺរាគៈ ឲ្យរលត់បាន ជាសត្វខ្ពង់ខ្ពស់ជាងជន ទើបញ៉ាំងភ្លើង គឺទោសៈឲ្យរលត់ ដោយមេត្តាភាវនាបាន ទាំងញ៉ាំងភ្លើង គឺមោហៈ ឲ្យរលត់ ដោយប្រាជ្ញាជាគ្រឿងទំលុះទំលាយកិលេស។