[​១៩​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដី​ចំរើន​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីព្រមព្រៀង​របស់​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ព្រមព្រៀង​គ្នា​ហើយ​ ​ការ​ឈ្លោះប្រកែក​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​ប្រទេចផ្ដាសា​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​បោកបោះ​ពាក្យសំដី​ដល់គ្នា​នឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​លះបង់​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ជន​ទាំងឡាយ​ ​ដែល​មិន​ជ្រះថ្លា​ក្នុង​សង្ឃ​នោះ​ ​ក៏​រមែង​ជ្រះថ្លា​ ​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ក៏​រឹងរឹតតែ​ជ្រះថ្លា​ឡើង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​សេចក្ដីព្រមព្រៀង​នៃ​សង្ឃ​ ​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​ ​ការ​អនុគ្រោះ​បុគ្គល​ទាំងឡាយ​ ​ដែល​មាន​សេចក្ដីព្រមព្រៀង​គ្នា​ ​(​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​)​ ​បុគ្គល​ត្រេកអរ​ ​ក្នុង​ជន​ដែល​ព្រមព្រៀង​គ្នា​ ​តាំងនៅ​ក្នុង​ធម៌​ ​រមែង​មិន​សាបសូន្យ​ ​ចាក​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ ​បុគ្គល​ធ្វើ​សង្ឃ​ ​ឲ្យ​ព្រមព្រៀង​គ្នា​ ​រមែង​រីករាយ​ ​ក្នុង​ឋានសួគ៌​ ​អស់​ ​១​ ​កប្ប​។​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់