​(​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​មេ​ត្ត​គូ​)​ ​បុគ្គល​មានសតិ​ ​គួរ​ដឹង​ច្បាស់​នូវ​ធម៌​ណា​ ​ហើយ​ឆ្លង​តណ្ហា​ ​ដែល​ផ្សាយ​ទៅ​ផ្សេង​ ​ៗ​ ​ក្នុង​លោក​បាន​ ​តថាគត​នឹង​សំដែង​នូវ​ធម៌​នោះ​ ​ដែល​តថាគត​ជាក់ច្បាស់​ក្នុង​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ដល់​អ្នក​។​
 បពិត្រ​ព្រះអង្គ​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​បុគ្គល​អ្នកមាន​សតិ​ ​គួរ​ដឹង​ច្បាស់​នូវ​ធម៌​ណា​ ​ហើយ​ឆ្លង​តណ្ហា​ដែល​ផ្សាយ​ទៅ​ផ្សេង​ ​ៗ​ ​ក្នុង​លោក​បាន​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ចំពោះ​ធម៌​ដ៏​ឧត្តម​នោះ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​មេ​ត្ត​គូ​)​ ​អ្នកដឹង​នូវ​ហេតុ​ណា​នីមួយ​ ​ក្នុង​ចំណែកខាង​លើ​ ​(​អនាគត​)​ ​ក្នុង​ចំណែកខាង​ក្រោម​ ​(​អតីត​)​ ​ក្នុង​ចំណែក​ទទឹង​ ​ឬ​កណ្តាល​ ​(​បច្ចុប្បន្ន​)​ ​អ្នក​ចូរ​បន្ទោបង់​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​ប្រកាន់​មាំ​ ​ក្នុង​ចំណែក​នៃ​ហេតុ​នោះ​ចេញ​ ​ទើប​វិញ្ញាណ​ ​(​របស់​អ្នក​)​ ​មិន​តាំងនៅ​ក្នុង​ភព​ ​ភិក្ខុ​មានធម៌​ជា​គ្រឿង​នៅ​យ៉ាងនេះ​ ​មានសតិ​ ​មិន​ធ្វេសប្រហែស​ ​លះបង់​កិលេស​ដែល​ប្រកាន់​ថា​ ​ជា​របស់​អញ​ ​ដឹង​ច្បាស់​ក្នុង​អត្តភាព​នេះ​ហើយ​ ​ទើប​លះបង់​នូវ​ទុក្ខ​ ​គឺជា​តិ​ ​ជរា​ ​និង​សោក​ខ្សឹកខ្សួល​បាន​។​
ថយ | ទំព័រទី ៣៤២ | បន្ទាប់