ពួកទេវតាទាំងនោះ ចូលទៅរកខ្ញុំតាមកាលគួរ ហើយពោលថា ហ៏យើងទាំងឡាយ នឹងរាំច្រៀង ហ៏យើងទាំងឡាយ នឹងត្រេកអរចំពោះមហាវ័ននោះ មហាវ័ននេះ មិនមែនជាទីរបស់បុគ្គលទាំងឡាយ អ្នកមិនបានធ្វើបុណ្យទេ មហាវ័ននេះ ជាទីរបស់បុគ្គលទាំងឡាយអ្នកធ្វើបុណ្យប៉ុណ្ណោះ មហាវ័ននេះ ជាព្រៃគ្មានសេចកី្តសោក ជាព្រៃគួររីករាយ គួរត្រេកអរនៃទេវតាទាំងឡាយជាន់តាវត្តឹង្ស សេចកី្តសុខ រមែងមិនមានដល់បុគ្គលទាំងឡាយ ដែលមិនបានធ្វើបុណ្យ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង សេចកី្តសុខ រមែងមានដល់បុគ្គលទាំងឡាយ អ្នកបានធ្វើបុណ្យ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ពួកជនអ្នកប្រាថ្នាទៅកើតជាទេវតានោះ គួរធ្វើកុសលឲ្យច្រើន ព្រោះថា ជនទាំងឡាយអ្នកបានធ្វើបុណ្យ ជាអ្នកបរិបូណ៌ដោយភោគៈ រមែងរីករាយក្នុងឋានសួគ៌ ពួកទាយកធ្វើការបូជា ចំពោះព្រះតថាគតទាំងឡាយណា ហើយរីករាយក្នុងឋានសួគ៌ ព្រះតថាគតទាំងនោះ ជាទក្ខិណេយ្យបុគ្គល ជាអណ្តូង ជាទីកើតនៃព្រះអរិយបុគ្គល ដែលជាបុញ្ញក្ខេត្តរបស់មនុស្សទាំងឡាយ រមែងកើតឡើង ដើម្បីប្រយោជន៍ដល់ជនមានប្រមាណច្រើន។
ចប់ រជ្ជុមាលាវិមាន ទី១២។