ព្រះតថាគតបានជ្រាបច្បាស់នូវខ្ញុំថា ជាស្រីមានចិត្តគួរដល់ភាវនាកម្ម កំពុងជ្រះថ្លា មានចិត្តបរិសុទ្ធ ព្រះអង្គជាប្រយោជន៍ដល់សត្វលោកទាំងពួង ទ្រង់ប្រៀនប្រដៅ (សត្វលោកទាំងពួង) បានទ្រង់ត្រាស់នឹងខ្ញុំថា នេះជាទុក្ខ នេះជាដែនកើតនៃទុក្ខ នេះជាហេតុរលត់ទុក្ខ នេះជាផ្លូវទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ ខ្ញុំជាស្ត្រីឋិតនៅក្នុងឱវាទនៃព្រះតថាគត ព្រះអង្គជាបុគ្គលឈ្លាសវៃ ជាអ្នកអនុគ្រោះហើយ បានដល់នូវព្រះនិព្វាន ឈ្មោះអមតៈ ជាទីស្ងប់រម្ងាប់ ជាបទមិនឃ្លៀងឃ្លាត ខ្ញុំនោះ ជាស្ត្រីមានសេចកី្តស្រឡាញ់ខ្ជាប់ខ្ជួន មិនញាប់ញ័រក្នុងទស្សនញ្ញាណ ដោយសទ្ធាជាមូល ជាធីតាកើតអំពីឧរានៃព្រះពុទ្ធជាម្ចាស់ ខ្ញុំនោះ រមែងត្រេកអររីករាយ មិនមានភ័យពីហេតុអី្វមួយឡើយ ទ្រទ្រង់នូវកម្រងផ្កាទិព្វ ផឹកនូវទឹកឃ្មុំដ៏ផ្អែម តូរ្យតន្ត្រីទាំង ៦ ម៉ឺន រមែងធ្វើនូវការភ្ញាក់រលឹកដល់ខ្ញុំ ទេវបុត្រឈ្មោះ អាឡម្ពៈ ១ គគ្គរៈ ១ ភីមៈ ១ សាធុវាទី ១ សំសយៈ ១ បោក្ខរៈ ១ សុផស្សៈ ១ នារីទាំងឡាយ គឺនារីឈ្មោះរីណា ១ មោក្ខា ១ នន្ទា ១ សុនន្ទា ១ សោណទិន្នា ១ សុចិម្ហិតា ១ អលម្ពុសា ១ មិស្សកេសី ១ បុណ្ឌរីកាតិទារុណី ១ ឯណិបស្សា ១ សុបស្សា ១ សុភទ្ទា ១ មុទុកាវទី ១ ទេវតាទាំងនេះផង ដទៃផង ប្រសើរជាងស្រីអប្សរទាំងឡាយ ជាអ្នកធ្វើឲ្យភ្ញាក់រលឹក