កណ្ឋកវិមាន ទី៧
[៨១] (ព្រះមោគ្គល្លានសួរថា) ព្រះចន្ទ្រក្នុងថ្ងៃពេញបូណ៌មី មានផ្កាយចោមរោម ជាអធិបតីលើពួកផ្កាយ ជាទេវបុត្តមានស្នាមរូបទន្សាយ ដើរក្រឡឹងជុំវិញយ៉ាងណា វិមាននេះជាទិព្វ មានឧបមេយ្យយ៉ាងនោះ តែងរុងរឿងក្នុងទេវបុរីដោយរស្មីដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង មានជាន់ដ៏វិចិត្រដោយកែវពិទូរ្យ និងមាសផង ដោយកែវផលិក និងប្រាក់ផង ដោយកែវព្រះព្រុះ និងកែវមុក្តាផង ដោយកែវទទឹម និងកែវមណីផង គួរជាទីរីករាយនៃចិត្ត ក្រាលហើយដោយកែវពិទូរ្យ ផ្ទះកំពូលទាំងឡាយដ៏ល្អគួរជាទីរីករាយ ប្រាសាទរបស់អ្នក ក៏បុញ្ញកម្មនិម្មិតហើយដោយប្រពៃ ទាំងស្រះបោក្ខរណីរបស់អ្នក គួរជាទីរីករាយ ដេរដាសដោយមច្ឆជាតិតាន់តាប់ មានទឹកមិនល្អក់ ជាទឹករងថ្លា ក្រាលដោយខ្សាច់មាស ដេរដាសដោយឈូកផ្សេងៗ ឆ្លូកឆ្លាស់ដោយឈូកស មានក្លិនក្រអូប ជាទីចាប់ចិត្ត ត្រូវខ្យល់ផាត់ រមែងផ្សាយ គុម្ពផ្កាទាំងឡាយ ក្បែរខាងទាំងពីរនៃស្រះបោក្ខរណីរបស់អ្នកនោះ ក៏បុញ្ញកម្មនិមិ្មតហើយដោយប្រពៃ ប្រកបដោយសភាពទាំងពីរ គឺឈើមានផ្កា ១ ឈើមានផ្លែ ១