មានដើមច្រនៀង ដើមព្រីង ដើមអសោក មានឈើប្រកបដោយផ្កា ជាបណ្តាញមានប្រការផ្សេងៗ ដែលខ្ញុំបានហើយដោយកម្មណាផង វិមាននេះ ដែលខ្ញុំបានហើយ ដោយកម្មណាផង ខ្ញុំនឹងសំដែងកម្មនោះៗ ដល់លោកម្ចាស់ បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ចាំស្តាប់ចុះ បពិត្រលោកម្ចាស់ដ៏ចំរើន មានស្រុកមួយឈ្មោះនាឡកៈ នៅក្នុងដែនមគធៈដ៏ប្រសើរ នាទិសខាងកើត កាលពីដើម ខ្ញុំព្រះករុណាជាកូនប្រសា (ក្នុងគហបតិត្រកូល) ក្នុងស្រុកនាឡកៈនោះ ពួកជនក្នុងស្រុកស្គាល់ខ្ញុំថា នាងសេសវតី ខ្ញុំនោះ បានសន្សំនូវកុសលកម្ម ក្នុងស្រុកនោះ ខ្ញុំមានចិត្តរីករាយ បានបូជាផ្កាដល់ព្រះឧបតិស្សត្ថេរ ដែលទេវតា និងមនុស្សបូជាហើយ លោកមានគុណដ៏ធំ បរិនិព្វានហើយ មានគុណប្រមាណមិនបាន លុះខ្ញុំបានបូជាលោកអ្នកស្វែងរកនូវគុណដ៏លើសលុប ទ្រទ្រង់រាងកាយជាទីបំផុត បានដល់គតិយ៉ាងក្រៃលែង ហើយខ្ញុំលះបង់កាយជារបស់មនុស្ស បានមកកាន់ទេវនិកាយជាន់តាវត្តឹង្ស នាឋានទេវលោកនេះ។
ចប់ សេសវតីវិមាន ទី៧។