បុគ្គលណា ជាអ្នកវិបត្តិសីល មានគំនិតអាក្រក់ ប្រាកដជាអ្នកទ្រុស្ដសីល ធ្វើតាមតែប្រាថ្នា មានចិត្តរាយមាយ មិនមានធម៌ស បុគ្គលនោះ មិនគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈឡើយ។ លុះតែបុគ្គលណា បរិបូណ៌ដោយសីល ប្រាសចាកឆន្ទរាគៈ មានចិត្តតាំងមាំ មានសេចក្តីត្រិះរិះក្នុងចិត្តដ៏ស បុគ្គលនោះឯង ទើបគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈ។ សីលរបស់បុគ្គលណាមិនមាន បុគ្គលនោះ ជាអ្នករវើរវាយ ក្រអឺតក្រអោង ជាបុគ្គលពាល គួរតែ (ស្លៀកដណ្ដប់) នូវសំពត់មានពណ៌ស និងស្លៀកដណ្ដប់នូវសំពត់កាសាវៈដូចម្ដេចកើត។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី ជាអ្នកមានចិត្តប្រទូស្ត ជាអ្នកឃ្នើសឃ្នង នឹងសង្កត់សង្កិននូវពួកលោកដែលប្រកបដោយតាទិគុណ មានចិត្តប្រកបដោយមេត្តា។ ពួកភិក្ខុពាល ដែលមានគំនិតអាក្រក់ ប្រាកដជាអ្នកទ្រុស្តសីល ធ្វើតាមតែប្រាថ្នា កាលបើពួកព្រះថេរៈ បង្ហាត់នូវការស្លៀកដណ្ដប់ចីវរ នឹងមិនព្រមស្ដាប់។ ពួកភិក្ខុពាលទាំងនោះ ដែលឧបជ្ឈាយាចារ្យ ឲ្យសិក្សាយ៉ាងនោះហើយ ក៏ជាបុគ្គលមិនមានការគោរពគ្នានឹងគ្នា នឹងមិនអើពើចំពោះឧបជ្ឈាយាចារ្យ ដូចសេះមានពុតត្បុត មិនអើពើនឹងនាយសារថី។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី នឹងមានសេចក្តីប្រតិបត្តិយ៉ាងនេះ ក្នុងបច្ឆិមកាលដែលមកដល់។