បុគ្គល​ពាល​ ​និង​អ្នកប្រាជ្ញ​ ​រមែង​ប៉ះពាល់​ដូចគ្នា​ ​ប៉ុន្តែ​បុគ្គល​ពាល​ ​បើ​មាន​សេចក្តី​ទុក្ខ​បៀតបៀន​ហើយ​ ​រមែង​ដេក​ ​(​សោកស្ដាយ​)​ ​ព្រោះ​ភាវៈ​នៃ​ខ្លួន​ពាល​ ​ឯ​អ្នកប្រាជ្ញ​ ​បើទុកជា​ប៉ះពាល់​នូវ​ផស្សៈ​ក៏​មិនបាន​ញាប់ញ័រ​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​បាន​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ភព​ ​ក្នុង​លោក​នេះ​ ​ដោយ​បញ្ញា​ណា​ ​បញ្ញា​នោះ​ ​ជា​ធម្មជាតិ​ប្រសើរ​ជា​ទ្រព្យ​ ​ដ្បិត​បុគ្គល​ទាំងឡាយ​ ​មិនទាន់​បានសម្រេច​ប្រយោជន៍​ ​រមែង​ធើ្វ​នូវ​បាបកម្ម​ទាំងឡាយ​ ​ក្នុង​ភព​តូច​ ​និង​ភព​ធំ​ ​ព្រោះតែ​មោហៈ​។​ ​បុគ្គល​ណា​ ​(​បាន​ធើ្វ​បាបកម្ម​)​ ​ក៏​ដល់​នូវ​ការ​អន្ទោល​ទៅមក​ ​រមែង​ចូល​ទៅកាន់​គភ៌​ ​និង​បរលោក​ ​បុគ្គល​អ្នក​អប្ប​ប្រាជ្ញា​ ​(​ឯទៀត​)​ ​កាលបើ​ជឿ​បុគ្គល​អ្នក​ធើ្វ​បាបកម្ម​នោះ​ ​ក៏​ទៅកាន់​គភ៌​ ​និង​បរលោក​។​ ​ចោរ​អ្នកមាន​ធម៌​ដ៏​លាមក​ ​ដែលគេ​ចាប់បាន​ត្រង់​មុខតំណ​(​១​)​ ​(​នៃ​ផ្ទះ​)​ ​រមែង​ក្តៅក្រហាយ​ដោយ​កម្ម​របស់​ខ្លួន​ ​យ៉ាងណាមិញ​ ​សត្វ​អ្នកមាន​ធម៌​ដ៏​លាមក​ ​លុះ​ស្លាប់​ទៅ​ ​រមែង​ក្តៅក្រហាយ​ក្នុង​លោកខាងមុខ​ ​ដោយ​កម្ម​របស់​ខ្លួន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​កាម​ទាំងឡាយ​ដ៏​វិចិត្រ​ ​មាន​រស​ឆ្ងាញ់​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​តែង​ញាំញី​ចិត្ត​ដោយ​សភាព​ផ្សេង​ ​ៗ​
​(​១​)​ ​គេ​ចាប់បាន​ត្រង់កន្លែង​ជញ្ជាំង​ដែល​ខ្លួន​បោះ​ ​ឬ​កាត់​នោះ​។​
ថយ | ទំព័រទី ៥៨ | បន្ទាប់