​[​៥០៨​]​ ​ការសំដែង​នូវ​សេចក្ដី​ស្និទ្ធស្នាល​ ​និង​ការ​បរិភោគ​រួម​ ​ឲ្យ​វិសេស​ក្នុង​ពួក​ជន​អ្នកមាន​ធម៌​មិន​ប្រសើរ​ ​ជា​អ្នក​អួតអាង​ ​ក៏​រមែង​វិនាស​ ​ម្យ៉ាងទៀត​ ​សូម្បី​ទាន​បន្តិចបន្តួច​ ​ដែល​បុគ្គល​ធ្វើ​ហើយ​ ​ចំពោះ​ពួក​ព្រះ​អរិយៈ​ផង​ ​ចំពោះ​ពួក​បុគ្គល​អ្នកមាន​ចិត្តស្លូតត្រង់​ផង​ ​ជា​ទាន​មានផល​ច្រើន​។​
 [​៥០៩​]​ ​បុគ្គល​ណា​ ​បាន​ធ្វើ​ឧបការៈ​ដ៏​ល្អ​ទុក​ហើយ​ ​ក្នុង​កាលមុន​ ​បុគ្គល​នេះ​ ​ឈ្មោះថា​ ​បាន​ធ្វើអំពើ​ដែលគេ​ធ្វើ​បាន​ដោយ​ក្រ​ក្រៃពេក​ក្នុង​លោក​ ​លុះដល់​កាល​ជា​ខាងក្រោយ​ ​បុគ្គល​នោះ​ ​ធ្វើ​ ​(​គុណ​នីមួយ​ដទៃទៀត​ក្ដី​)​ ​មិន​ធ្វើ​ក្ដី​ ​ក៏​ឈ្មោះថា​ជា​បុគ្គល​គួរ​ដល់​កិរិយា​បូជា​ដោយពិត​។​

​ចប់​ ​មហា​អស្សា​រោហ​ជាតក​ ​ទី២​។​


​ឯករាជ​ជាតក​ ​ទី៣​


 [​៥១០​]​ ​(​ព្រះបាទ​ទុ​ព្ភិ​សេន​ ​ទ្រង់​ត្រាស់​ថា​)​ ​បពិត្រ​ព្រះអង្គ​ ​ជាឯក​រាជ​ ​កាលពីដើម​ ​ព្រះអង្គ​នៅ​សោយ​កាមគុណ​ទាំងឡាយ​ ​ជា​របស់​ស្ដុកស្ដម្ភ​ ​រក​អ្វី​ប្រសើរ​ជាង​គ្មាន​ ​ឥឡូវនេះ​ ​ព្រះអង្គ​នោះ​ ​គេ​បោះ​ទៅ​ក្នុង​រណ្ដៅ​ក្រហេងក្រហូង​ហើយ​ ​នៅតែ​មិន​លះបង់​នូវ​ពណ៌​សម្បុរ​ ​និង​កម្លាំង​ពីដើម​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់