ពេទ្យ​ឈ្មោះ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏​ថែរក្សា​ជម្ងឺ​នោះ​មែន​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​កាល​បម្រើ​ភិក្ខុ​ឈឺ​ជាច្រើន​រូប​ ​ក៏​រមែង​សូម​គេ​ច្រើនពេក​ ​អង្គាស​គេ​ច្រើនពេក​ ​ដោយ​ពាក្យ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​នូវ​គិលានភត្ត​ ​(​ភត្ត​ដែល​ប្រគេន​ដល់​ភិក្ខុ​ឈឺ​)​ ​នូវ​គិលានុបដ្ឋាក​ភត្ត​ ​(​ភត្ត​ដែលគេ​ប្រគេន​ដល់​ភិក្ខុ​អ្នកបម្រើ​ភិក្ខុ​ឈឺ​)​ ​នូវ​គិលានភេសជ្ជៈ​ ​(​ថ្នាំ​សម្រាប់​ភិក្ខុ​មាន​ជម្ងឺ​)​។​ ​ឯ​ជីវក​កោ​មារ​ភ​ត្យ​ ​កាលបើ​ថែទាំ​រក្សា​ភិក្ខុ​ឈឺ​ច្រើន​រូប​ហើយ​ ​ក៏​ចោល​រាជកិច្ច​ខ្លះ​ចេញ​។​ ​មាន​បុរស​ម្នាក់ទៀត​ ​មាន​អាពាធ​គ្រប់​ទាំង៥​ ​ក៏​ចូល​ទៅ​រក​ជីវក​កោ​មារ​ភ​ត្យ​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​សូម​លោក​រក្សា​ជម្ងឺ​ខ្ញុំ​ផង​។​ ​ជីវក​កោ​មារ​ភ​ត្យ​និយាយប្រាប់​ថា​ ​ម្នាល​អ្នក​ ​ខ្ញុំ​មាន​កិច្ច​ច្រើន​ ​មានការ​រវល់​ច្រើន​ ​ខ្ញុំ​ត្រូវ​ថែរក្សា​ព្រះបាទ​ពិម្ពិសារ​សេ​និ​យៈ​ជាធំ​ក្នុង​ដែន​មគធៈ​ផង​ ​ស្រីស្នំ​ផង​ ​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ផង​ ​ខ្ញុំ​មិន​អាច​នឹង​ថែរក្សា​ជម្ងឺ​ ​(​អ្នកឯង​)​ ​បានទេ​។​ ​បុរស​នោះ​និយាយ​អង្វរ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​សម្បត្តិ​ទាំងអស់​(​របស់​ខ្ញុំ​ៗ​នឹង​ជូន​)​លោក​ ​ទាំង​ខ្លួនខ្ញុំ​សោត​ ​ក៏​នឹង​នៅជា​ខ្ញុំ​លោក​ ​បពិត្រ​លោក​អាចារ្យ​ ​សូម​លោក​មេត្តា​ថែរក្សា​ជម្ងឺ​ខ្ញុំ​ផង​។​ ​ជីវ​រក​កោ​មារ​ភ​ត្យ​និយាយប្រាប់​ថា​ ​ម្នាល​អ្នក​ ​ខ្ញុំ​មាន​កិច្ច​ច្រើន​ ​មានការ​រវល់​ច្រើន​ ​(​សព្វថ្ងៃ​នេះ​)​ ​ខ្ញុំ​ត្រូវ​ថែរក្សា​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ផង​ ​ស្រីស្នំ​ផង​ ​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ផង​ ​ខ្ញុំ​មិន​អាច​នឹង​
ថយ | ទំព័រទី ២៤១ | បន្ទាប់