[​១៣៦​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឲ្យ​និស្ស័យ​ដល់​អលជ្ជី​ភិ​ក្ខុ​ទំាង​ឡាយ​ ​(​ភិក្ខុ​ដែល​ឥត​ខ្មាសបាប​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​និស្ស័យ​ដល់​អលជ្ជីភិក្ខុ​ទាំងឡាយ​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ ​ភិក្ខុ​ទាំងឡាយ​នៅ​អាស្រ័យ​ ​(​កាន់​យក​និស្ស័យ​)​ ​នឹង​អលជ្ជីភិក្ខុ​ទាំងឡាយ​។​ ​មិនយូរ​ប៉ុន្មាន​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ទៅជា​ភិក្ខុ​អលជ្ជី​ ​ជា​ភិក្ខុ​លាមក​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​នៅ​អាស្រ័យ​នឹង​អលជ្ជីភិក្ខុ​ទាំងឡាយ​ទេ​ ​ភិក្ខុ​ណា​នៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ថា​ ​ភិក្ខុ​មិន​ត្រូវឲ្យ​និស្ស័យ​ដល់​ពួក​ភិក្ខុ​អលជ្ជី​ ​មិន​ត្រូវ​នៅ​អាស្រ័យ​នឹង​ពួក​ភិក្ខុ​ជា​អលជ្ជី​ដូច្នេះ​ ​យើង​ទាំងឡាយ​គប្បី​ស្គាល់​ភិក្ខុ​ជា​លជ្ជី​ ​ឬ​ជា​អលជ្ជី​ដូចម្តេច​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​បង្អង់​ចាំ​ ​ដោយ​គិតថា​ ​អញ​នឹង​ដឹង​ ​(​ភិក្ខុ​នេះ​)​ ​ជាស​ភាគ​ភិក្ខុ​ ​(​ភិក្ខុ​មានធម៌​ល្អ​ត្រូវគ្នា​)​ ​អស់៤ថ្ងៃ​ ​ឬ៥ថ្ងៃ​សិន​បាន​។​
ថយ | ទំព័រទី ៣០១ | បន្ទាប់