គឺ​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ម្តង​ផង​ ​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​ពាក្យ​ថា​ ​រលឹក​ឃើញ​ ​គឺ​ដឹង​បាន​ ​ចាំ​បាន​។​ ​ដែល​ឈ្មោះថា​ ​អាបត្តិ​ដែល​មាន​ ​គឺ​ភិក្ខុ​ត្រូវអាបត្តិ​ណា​ក្តី​ ​ត្រូវហើយ​មិន​ចេញ​ចាក​អាបត្តិ​ក្តី​។​ ​ពាក្យ​ថា​ ​មិន​ប្រាប់​ ​គឺ​មិន​សំដែង​ ​មិន​បើក​ ​មិន​ធ្វើឲ្យ​ងាយ​ ​មិន​ប្រកាស​ក្នុង​កណ្តាល​សង្ឃ​ក្តី​ ​កណ្តាល​គណៈ​ក្តី​ ​ចំពោះ​បុគ្គល​មួយ​ក្តី​។​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ត្រូវ​សម្បជានមុសាវាទ​ ​គឺ​សម្បជានមុសាវាទ​ ​ជា​អាបត្តិ​អ្វី​។​ ​សម្បជានមុសាវាទ​ ​ជា​អាបត្តិ​ទុក្កដ​។​ ​ពាក្យ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ជា​ធម៌​ធ្វើ​សេចក្តី​អន្តរាយ​ ​គឺ​ធម៌​នោះ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​អ្វី​។​ ​ធម៌​នោះ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការបាន​បឋមជ្ឈាន​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការបាន​ទុតិយជ្ឈាន​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការបាន​តតិយជ្ឈាន​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការបាន​ចតុត្ថជ្ឈាន​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការបាន​នូវ​កុសលធម៌​ទាំងឡាយ​ ​គឺ​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​សមាបត្តិ​ ​នេក្ខម្មៈ​ ​ការ​រលាស់​ចេញ​ចាក​ភព​ ​សេចក្តី​ស្ងប់ស្ងាត់​។​ ​ពាក្យ​ថា​ ​ហេតុ​នោះ​ ​គឺ​ព្រោះ​ដំណើរ​នោះ​។​ ​ពាក្យ​ថា​ ​រលឹក​ឃើញ​ ​គឺ​ដឹង​បាន​ ​ចាំ​បាន​។​ ​ពាក្យ​ថា​ ​ប្រាថ្នា​សេចក្តី​បរិសុទ្ធ​ ​គឺ​ប្រាថ្នា​ចេញ​ចាក​អាបត្តិ​ ​ប្រាថ្នា​ដើម្បី​ស្អាត​។​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់