ដែល​ឈ្មោះថា​ ​អាបត្តិ​ដែល​មាន​ ​គឺ​ភិក្ខុ​ត្រូវអាបត្តិ​ណា​ក្តី​ ​ត្រូវហើយ​មិន​ចេញ​ចាក​អាបត្តិ​ក្តី​។​ ​ពាក្យ​ថា​ ​ត្រូវ​ប្រាប់​ ​គឺ​ភិក្ខុ​ត្រូវ​ប្រាប់​អាបត្តិ​ក្នុង​កណ្តាល​សង្ឃ​ក្តី​ ​កណ្តាល​គណៈ​ក្តី​ ​ចំពោះ​បុគ្គល​ម្នាក់​ក្តី​។​ ​ពាក្យ​ថា​ ​ព្រោះ​អាបត្តិ​ដែល​ភិក្ខុ​ប្រាប់​ហើយ​ជា​ការ​ស្រួល​ ​គឺជា​ការ​ស្រួល​ដើម្បីអ្វី​។​ ​ជា​ការ​ស្រួល​ដើម្បី​បាន​បឋមជ្ឈាន​ ​ជា​ការ​ស្រួល​ដើម្បី​បាន​ទុតិយជ្ឈាន​ ​ជា​ការ​ស្រួល​ដើម្បី​បាន​តតិយជ្ឈាន​ ​ជា​ការ​ស្រួល​ដើម្បី​បាន​ចតុត្ថជ្ឈាន​ ​ជា​ការ​ស្រួល​ដើម្បី​បាន​កុសលធម៌​ទាំងឡាយ​ ​គឺ​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​សមាបត្តិ​ ​នេក្ខម្មៈ​ ​ការ​រលាស់​ចេញ​ចាក​ភព​ ​សេចក្តី​ស្ងប់ស្ងាត់​។​
 [​១៥១​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ឲ្យ​សំដែង​នូវ​បាតិមោក្ខ​ហើយ​ ​ក៏​សំដែង​នូវ​បាតិមោក្ខ​រាល់ថ្ងៃ​។​ ​ភិក្ខុ​ទាំងឡាយ​ខ្លះ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​នូវ​បាតិមោក្ខ​រាល់ថ្ងៃ​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សំដែង​នូវ​បាតិមោក្ខ​តែ​ក្នុង​ថ្ងៃឧបោសថ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​សំដែង​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់