[​១៦៨​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​មាន​គេ​អារាធនា​ ​ក៏​សំដែងធម៌​ក្នុង​កណ្តាល​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែលគេ​មិន​អារាធនា​ ​មិន​ត្រូវ​សំដែងធម៌​ក្នុង​កណ្តាល​សង្ឃ​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជា​ថេរៈ​សំដែងធម៌​ខ្លួនឯង​ ​ឬ​អារាធនា​ភិក្ខុ​ដទៃ​បាន​។​ ​
 [​១៦៩​]​ ​ក៏​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​មិនទាន់​បានការ​សន្មតិ​ ​ក៏​សួរ​វិន័យ​ ​ក្នុង​កណ្តាល​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​គ្មាន​កា​សន្មតិ​ ​មិន​ត្រូវ​សួរ​វិន័យ​ ​ក្នុង​កណ្តាល​សង្ឃ​ទេ​ ​ភិក្ខុ​ណា​សួរ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មានការ​សន្មតិ​ ​សួរ​វិន័យ​ ​ក្នុង​កណ្តាល​សង្ឃ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​ត្រូវ​សន្មត​ខ្លួន​ ​ដោយខ្លួនឯង​ក៏បាន​ ​ត្រូវ​ភិក្ខុ​ដទៃ​សន្មត​ភិក្ខុ​ដទៃ​ក៏បាន​។​ ​ក៏​ឯ​សន្មត​ខ្លួន​ ​ដោយខ្លួនឯង​នោះ​ ​ដូចម្តេច​។​ ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ខ្ញុំ​សូម​សួរ​វិន័យ​នឹង​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ភិក្ខុ​ត្រូវ​សន្មត​ខ្លួន​ដោយខ្លួនឯង​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់