យស​កុលបុត្រ​នោះ​ ​មាតាបិតា​ឲ្យ​ពួក​អ្នកភ្លេង​តូរ្យតន្ត្រី​សុទ្ធសឹងតែ​ស្រី​ឥតមាន​បុរស​ឡើយ​ ​ចាំ​បម្រើ​អស់​កំណត់៤ខែ​ ​ក្នុង​ប្រាសាទ​សម្រាប់​នៅក្នុង​រដូវភ្លៀង​ ​មិនដែល​ចុះ​មកកាន់​ផ្ទៃ​ប្រាសាទ​ខាងក្រោម​ទេ​។​ ​គ្រានោះ​ ​យស​កុលបុត្រ​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណ​ទាំង៥​ ​កាល​ពួក​ស្រី​កំពុង​បម្រើ​ ​ក៏​ដេកលក់​ទៅជា​មុន​ ​ឯ​ជន​ជា​បរិសទ្យ​ ​ក៏​ដេកលក់​ជា​ខាងក្រោយ​។​ ​រី​ឯ​ប្រទីប​ដែលគេ​អុជ​ទុក​ដោយ​ប្រេង​ ​តែង​ឆេះ​បំភ្លឺ​ទាល់​ព្រឹក​ ​រាល់​ៗ​យប់​។​ ​គ្រានោះ​ ​យស​កុលបុត្រ​ ​ភ្ញាក់​ពី​និន្ទ្រា​មុនគេ​ ​បានឃើញ​ជន​ជា​បរិសទ្យ​របស់​ខ្លួន​កំពុង​ដេកលក់​ ​ស្រី​ខ្លះ​មាន​ពិណ​នៅត្រង់​ក្លៀក​ ​ស្រី​ខ្លះ​មាន​ស្គរ​សម្ភោរ​នៅត្រង់​ក​ ​ស្រី​ខ្លះ​មាន​ស្គរធំ​នៅ​ក្បែរ​ទ្រូង​ ​ស្រី​ខ្លះ​មាន​សក់​រំសាយ​ ​ស្រី​ខ្លះ​មាន​ទឹកមាត់​ហូរហៀរ​ ​ស្រី​ខ្លះ​កំពុង​មមើ​ ​(​យស​កុលបុត្រ​បានឃើញ​ជន​ជា​បរិសទ្យ​របស់​ខ្លួន​)​ ​ហាក់ដូចជា​ព្រៃស្មសាន​ ​មក​ប្រាកដ​ក្នុង​កណ្តាប់​ដៃ​។​ ​យស​កុលបុត្រ​នោះ​ ​លុះ​បានឃើញ​ហើយ​ ​កើត​សេចក្តី​ជិនឆ្អន់​ចិត្ត​ ​ក៏​ឋិតនៅ​ស៊ប់​ក្នុង​សេចក្តី​នឿយណាយ​។​ ​ទើប​យស​កុលបុត្រ​បន្លឺ​ឧទានវាចា​ ​(​ដោយ​សេចក្តី​សង្វេគ​)​ថា​ ​ឱ​ហ្ន៎​ ​(​ទីនេះ​)​ ​ច្របូកច្របល់​ណាស់​តើ​ ​ឱ​ហ្ន៎​ ​(​ទីនេះ​)​ ​ជំពាក់​វាក់វិន​ណាស់​តើ​។​ ​គ្រានោះ​ ​យស​កុលបុត្រ​ពាក់​ទ្រនាប់ជើង​មាស​ ​ដើរសំដៅទៅ​កាន់​មាត់ទ្វារ​ផ្ទះ​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់