ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សានូវហេតុទី ៤ ថា បើដូច្នោះ យើងជាពួកឈ្មួញ នឹងកាត់នូវមែកឈើខាងជើងនោះទៀត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ហូរចេញនូវកែវមុក្តា និងកែវពៃទូរ្យដ៏ច្រើនផង នូវប្រាក់ផង នូវមាសផង នូវកម្រាលសម្រាប់ក្រាលលើខ្នងដំរីជាដើមផង នូវកម្រាលរោមសត្វជាដើមផង នូវសំពត់ដែលគេធ្វើក្នុងដែនកាសីផង នូវសំពត់កម្ពលឈ្មោះឧទ្ទិយានៈផង ពាណិជទាំងនោះ ក៏វេចយកនូវភារៈ ដរាបទាល់តែអស់ចំណង់ក្នុងទីនោះ។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សានូវហេតុទី ៥ ថា បើដូច្នោះ ពួកយើងនឹងកាត់ត្រង់គល់ឈើនោះ មុខជានឹងបានច្រើនជាងនេះទៅទៀត គ្រានោះ ពួកឈ្មួញធំក្រោកឡើង ផ្គងអញ្ជលីអង្វរថា ដើមជ្រៃប្រទូស្តពួកអ្នកដូចម្តេច ម្នាលពាណិជទាំងឡាយ សេចក្តីចំរើនចូរមានដល់អ្នកចុះ។ មែកខាងកើត បានឲ្យទឹកងូតផង មែកខាងត្បូង បានឲ្យបាយ និងទឹកផង មែកខាងលិច បានឲ្យនាងនារីទាំងឡាយផង មែកខាងជើង បានឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងផង ដើមជ្រៃប្រទូស្តពួកអ្នកដូចម្តេច ម្នាលពាណិជទាំងឡាយ សេចក្តីចំរើនចូរមានដល់អ្នកចុះ។