​[​២០៨​]​ ​(​ព្រះឥន្ទ​…​)​ ​បពិត្រ​ក្សត្រិយ៍​ជាធំ​ជាង​ជន​មាន​ជើង​ពីរ​ ​សូម​ព្រះអង្គ​ពោល​នូវ​ពាក្យ​ទាំងឡាយ​ដែល​ជា​សច្ចៈ​ចុះ​ ​កាលបើ​ព្រះអង្គ​ពោល​នូវ​ពាក្យសច្ចៈ​ ​ព្រះនេត្រ​នឹង​មាន​ឡើងវិញ​។​
 [​២០៩​]​ ​(​ព្រះបាទ​សី​វិ​…​)​ ​ពួក​ស្មូម​ណា​មាន​គោ​ត្រ​ផ្សេង​ៗ​គ្នា​ ​មក​ដើម្បី​សូម​ចំពោះ​យើង​ ​បណ្តា​ស្មូម​ទាំងនោះ​ ​ស្មូម​ណា​សូម​យើង​ ​ស្មូម​នោះ​ជាទីស្រឡាញ់​នៃ​ចិត្ត​របស់​យើង​ ​សូមឲ្យ​ភ្នែក​កើតមាន​ដល់​យើង​ ​ដោយ​ការ​ពោល​នូវ​ពាក្យសច្ចៈ​នេះ​។​
 [​២១០​]​ ​ព្រាហ្មណ៍​នោះ​មក​ដើម្បី​សូម​នូវ​ភ្នែក​ណា​នឹង​យើង​ថា​ ​សូម​ព្រះអង្គ​ប្រទាន​នូវ​ភ្នែក​ ​យើង​ក៏បាន​ឲ្យ​នូវ​ភ្នែក​ទាំងឡាយ​នោះ​ ​ដល់​ព្រាហ្មណ៍​ដែល​សូម​នោះ​ហើយ​។​ ​បីតិ​ ​និង​សោមនស្ស​ដ៏​ច្រើន​ ​ក៏​កើតឡើង​ដល់​យើង​ដោយ​ក្រៃលែង​ ​សូមឲ្យ​ភ្នែក​ជា​គំរប់​ពីរ​ ​កើតមាន​ដល់​យើង​ដោយ​ពោល​ពាក្យសច្ចៈ​នេះ​។​
 ​[​២១១​]​ ​(​ព្រះឥន្ទ​…​)​ ​បពិត្រ​ក្សត្រិយ៍​ ​អ្នក​ញ៉ាំង​ដែន​របស់​អ្នក​ដែន​សី​វិ​ឲ្យ​ចំរើន​ ​គាថា​ដែល​ព្រះអង្គ​ពោល​តាម​ធម៌​ ​សូមឲ្យ​ព្រះនេត្រ​ទាំងពីរ​របស់​ព្រះអង្គ​នេះ​ ​ប្រាកដ​ដូចជា​ទិព្វ​។​ ​ព្រះនេត្រ​ទាំងពីរ​របស់​ព្រះអង្គ​នោះ​ ​សូមឲ្យ​បាន​នូវ​ការ​ឃើញ​ធ្លុះធ្លាយ​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​ខាងក្រៅ​ភ្នំ​ថ្ម​ ​អស់​ទី​ចំនួន​មួយ​រយ​យោជន៍​ដោយ​ជុំវិញ​។
ថយ | ទំព័រទី ៧៩ | បន្ទាប់